ក្នុងបន្ទប់សវនាការនាទីក្រុងបាងកក ប្រទេសថៃដែលពោរពេញទៅដោយមនុស្សម្នា គឺមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតុលាការព្រហ្មទណ្ឌចេញសាលក្រមដាក់ពន្ធនាគារចំនួន ១១ ឆ្នាំ ដល់សកម្មជនសិទ្ធិពលករ និងជានិពន្ធនាយករបស់ សំឡេងថាក់ស៊ីន លោក ស៊ុមយុត ព្រឹក្សាកាសេមស៊ុក (Somyot Prueksakasemsuk) ពីបទប្រមាថព្រះមហាក្សត្រ។ ការភ្ញាក់ផ្អើលនេះគឺដោយសារតែសេចក្តីសម្រេចឲ្យមានទោសចំពោះលោក ស៊ុមយុត និងភាពធ្ងន់ធ្ងរនៃ ទណ្ឌកម្ម។ ខណៈដែលទោសធ្ងន់បំផុតសម្រាប់ការប្រមាថព្រះមហាក្សត្រគឺការជាប់ពន្ធនាគារ ១៥ ឆ្នាំ ករណីមុនគឺសុទ្ធតែមានរយៈពេលខ្លីជាង។ ប៉ុន្តែ លោក ស៊ុមយុត មិនមានភ័ព្វសំណាងដូច្នោះទេ លោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំចំពោះករណីនីមួយៗ ដែលសរុបមានចំនួន ២ ករណី បូករួមទាំងមួយឆ្នាំបន្ថែមទៀតចំពោះការព្យួរទោសរយៈពេលមួយឆ្នាំដែលលោកត្រូវបានផ្តន្ទាទោសនាឆ្នាំ២០០៩ ក្នុងករណីមួយផ្សេងទៀត។
សាលក្រមនេះបានធ្វើឲ្យលោក ស៊ុមយុត មានការខកចិត្តយ៉ាងខ្លាំង ដែលមុននេះលោកត្រូវបានរាយការណ៍ថាមមានគំនិតសុទិដ្ឋិនិយមចំពោះភាពស្អាតស្អំរបស់លោក ព្រោះលោកជឿជាក់ថាលោកមិនបានប្រព្រឹត្តិខុសអ្វីទេ។ ប្រាឆាថៃ បានរាយការណ៍ ថា មិត្តភក្តិរបស់លោក ស៊ុមយុត ដែលនៅក្នុងពន្ធនាគារ ដែលគាត់ត្រូវបានឃុំខ្លួនអស់រយៈពេលលើសពី ២០ ខែមកនោះបានបង្ហើបឲ្យដឹងថាលោក ស៊ុមយុត ធ្លាប់បានសង្ឃឹមថាតុលាការ នឹងផ្តល់ “យុត្តិធម៌” ជូនរូបលោក ហើយនឹងធ្វើនូវរឿងដែលត្រឹមត្រូវ។ មេធាវីរបស់លោក ស៊ុមយុត នឹងធ្វើបណ្តឹងឧទ្ធណ៍ ចំពោះសាលក្រមនេះព្រមទាំងស្វែងរកការដោះលែងឲ្យនៅក្រៅឃុំ។
សុទិដ្ឋិនិយមរបស់លោក ស៊ុមយុត កើតចេញពីចរិតលក្ខណៈនៃទោសរបស់លោក។ លោក ស៊ុមយុត គឺជានិពន្ធនាយកនៃ ទស្សនាវដ្តីនយោបាយមួយដែលមានឈ្មោះថា សំឡេងថាក់ស៊ីន (ត្រូវបានហាមឃាត់នាឆ្នាំ ២០១០) ដែលបានចុះផ្សាយអត្ថបទចំនួនពីរ នាឆ្នាំ២០១០ ដែលត្រូវបានគេគិតថាបានរំលោភបំពានច្បាប់ការពារព្រះមហាក្សត្រ។ លោកត្រូវបានប្តឹងជាផ្លូវការក្នុងឆ្នាំ២០១១ ហើយត្រូវបានបដិសេធចំពោះសំណើសុំនៅក្រៅឃុំ ចំនួន ១២ ដង និងទីបំផុតត្រូវបាន ផ្តន្ទាទោសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣។ អត្ថបទនេះត្រូវបានចេញផ្សាយដោយប្រើឈ្មោះក្លែងក្លាយ និងមិនមានការនិយាយស្ដីពាក់ព័ន្ធនឹងព្រះមហាក្សត្រថៃនោះទេ។ ទោះជាយ៉ាងណាក៏ដោយ តុលាការជឿជាក់ថា ខ្លឹមសារនៃអត្ថបទបង្កប់ន័យយ៉ាងច្បាស់ថាចង់សំដៅចំពោះនរណា ហើយក្នុងនាមជាអ្នកនិពន្ធនាយកជាន់ខ្ពស់ លោក ស៊ុមយុត គួរតែអាចដឹងពីលទ្ធផលនៃការបោះពុម្ពផ្សាយរបស់ពួកគេ ប៉ុន្តែពួកគេនៅតែទទូចបោះពុម្ពផ្សាយទៀត។
“នីតិវិធីតុលាការបង្ហាញឲ្យឃើញថា អត្ថបទដែលចុះផ្សាយដោយ ស៊ុមយុត មិនបានប្រកាន់ភ្ជាប់នូវទស្សនៈបែបបញ្ញវន្ដទាក់ទងនឹងព្រះមហាក្សត្រនោះទេ។ អត្ថបទនេះមានន័យប្រមាថ និងជះផលអាក្រក់ដល់ព្រះមហាក្សត្រ ចៅក្រម ថាវី បាន និយាយ បែបនេះ។
សាលក្រមនេះទទួលរងនូវការរិះគន់ជាច្រើនពីអង្គការសិទ្ធិមនុស្សនៅប្រទេសថៃ ភ្នាក់ងារព័ត៌មានអន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ។ ទោះជាយ៉ាងណាក្តី នៅប្រទេសថៃមានការរាយការណ៍ពីព័ត៌មាននេះតិចតួចបំផុតនៅក្នុងបណ្ដាញសារព័ត៌មានសំខាន់ៗ។
ប្រតិកម្មរបស់ក្រុមអ្នកប្រើប្រាស់អ៊ីនធើណេតចំពោះសាលក្រមរបស់លោក ស៊ុមយុត ក៏ដូចជាករណីមុនៗដែរ គឺមានភាព ខ្វែងគំនិតគ្នា។ អ្នកខ្លះនិយាយថាលោក ស៊ុមយុត ស័ក្តិសមនឹងទទួលទោសពីព្រោះលោកនៅតែបន្តនិយាយ រិះគន់ចំពោះ មាត្រាទី ១១២ ។
មីត្រាផាប (mitrapaap) បាននិយាយនៅក្នុង គេហទំព័រ បាងកក ប៉ុស្តិ៍ថា ៖
គាត់ស្ថិតនៅក្រៅឃុំ។ គាត់ពិតជាដឹងយ៉ាងច្បាស់ពីលទ្ធផលនៃការមិនព្រមបិទមាត់របស់គាត់។ បុគ្គលម្នាក់គូរតែធ្វើការជ្រើសរើសដោយផ្អែកលើមូលដ្ឋានច្បាប់ដែលមានស្រាប់ ទោះបីជាអ្នកចូលចិត្តវាឬអត់ក៏ដោយ។ អ្នកមិនអាចផ្លាស់ ប្តូរច្បាប់ដោយការល្មើសច្បាប់បានទេ។
ប្លយដូណាត់ (ploydonut) បន្ថែមថា ៖
ប្រទេសថៃគឺជាប្រទេសដ៏ល្អមួយ ហើយមនុស្សអាក្រក់ដែលប្រមាថប្រទេសរបស់យើង ស្ថាប័នរបស់យើង និងជនដែលប្រព្រឹត្តិបទឧក្រិដ្ឋគប្បីត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារឲ្យបានយូរ។
ខុន ថៃ ហួចៃ សីង្ហ (Khon Thai Hua Jai Singh) បានសរសេរនៅក្នុង គេហទំព័រ ម៉ែណិជឺ (Manager) ថា ៖
ចំពោះរាល់សកម្មភាពដែលពាក់ព័ន្ធនឹងការប្រឆាំងនឹងព្រះមហាក្សត្រ ប្រសិនបើអ្នកគិតថាប្រទេសថៃ មិនមែនជាកន្លែងល្អសម្រាប់រស់នៅដោយសារតែយើងមានស្ថាប័នព្រះមហាក្សត្រ នោះសូមអ្នកទាំងនោះ ចាកចេញពីប្រទេសយើងទៅ ព្រោះប្រទេសនេះជាប្រទេសដែលគោរពស្រលាញ់ព្រះមហាក្សត្រ។ ហើយប្រសិនបើអ្នកគិតថាអ្នកត្រូវបានបោកដោយទណ្ឌិតលោក …. នោះជាពេលដែលត្រូវប្តូរផ្នត់គំនិតរបស់អ្នកហើយ។ នៅមិនទាន់ហួសពេលនៅឡើយទេសម្រាប់គ្រួសារ និងសង្គមរបស់អ្នកក្នុងការអធ្យាស្រ័យចំពោះអ្វីដែលអ្នកបានប្រព្រឹត្តិ។ អ្នកត្រូវតែជ្រើសរើសផ្លូវដើរដោយខ្លួនឯង។
ផ្ទុយទៅវិញ ក្រុមសិទ្ធិមនុស្សទាំងក្នុង និងក្រៅស្រុកបានធ្វើការថ្កោលទោសចំពោះសាលក្រមនេះ ហើយអ្នកខ្លះទៀតអះអាងថាលោក ស៊ុមយុត ទទួលទោសធ្ងន់យ៉ាងនេះគឺដោយសារតែលោកគឺជាសកម្មជនក្នុងការផ្តួចផ្តើមឲ្យមាន កែប្រែ លើមាត្រាទី១១២។
រយៈពេល ១០ ឆ្នាំ ហាក់បីដូចជាធ្ងន់ធ្ងរពេកចំពោះមនុស្សដែលមានមតិគំនិតផ្សេងពីអ្នកដទៃ។ គោរពដល់មតិយោបល់ និងតម្លៃខុសៗគ្នាគឺជាអ្វីដែលសង្គមយើងគួរតែរៀនសូត្រ។ នេះបើយោងតាម សម្តីរបស់សកម្មជនជនជាតិថៃម្នាក់។
លូក ឆាវណា ថៃ (Luk Chaona Thai) សរសេរនៅលើ គេហទំព័រ ប្រាឆាថក (Prachatalk)យ៉ាងដូច្នេះថា
ការផ្តន្ទាទោសលោក ស៊ុមយុត គឺជាការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការគិតដោយសេរី។ វាជារឿងធម្មជាតិដែល មនុស្សគ្រប់រូបមានទស្សនៈខុសៗគ្នា ហើយគ្រប់រូបគប្បីអាចរស់នៅសង្គមមួយដែលអ្នកដទៃទៀតមានគំនិតផ្សេងពីខ្លួន។
ការសោកស្តាយដ៏ធំ តែមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល គឺប្រតិកម្មអសកម្មនៃរដ្ឋាភិបាល យីងឡាក់ (Yingluck)។ ព្រោះថា នេះជាទស្សនាវដ្តីដែល គាំទ្រលោក ថាក់ស៊ីន ដែលក្រោយមកប្រែក្លាយជាការបោះពុម្ពផ្សាយរបស់ក្រុមអាវក្រហម (មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលត្រូវជាបងប្រុសរបស់នាយករដ្ឋមន្ត្រី យីងឡាក់) មានចំណងជើងថា អំណាចពណ៌ក្រហម ។ លោកស្រី ធីតា ថាវ៉នសិទ្ធិ (Thida Thavornseth) ប្រធានស្តីទី UDD ក៏ស្ថិតនៅក្នុងបន្ទប់តុលាការដែរ ហើយក្រុមសកម្មជនអាវក្រហមជាច្រើនក៏បានរៀបចំ សកម្មភាព មួយចំនួនដើម្បីគាំទ្រនូវយុទ្ធនាការដោះលែង ស៊ុមយុត។ ប៉ុន្តែ ក្នុងនាមជាជនសង្ស័យមួយរូប គណបក្សកាន់អំណាច ភឿ ថៃ (Pheu Thai) មិនមានបំណងកជ្រៀតជ្រែកក្នុងករណីនេះទេ។ ដូច លោកសាស្ត្រាចារ្យ ដាន់ខេន ម៉ែកខាហ្កូ (Duncan McCargo) អះអាងថា ៖
លោកស្រី យីងឡាក់ ស៊ិនណាវ៉ាត្រា (Yingluck Shinawatra) កំពុងព្យាយាមរក្សាតុល្យភាពយ៉ាងម៉ត់ចត់ដើម្បីការពារនូវការដោះដូរផ្នែកនយោបាយដែលជួយឲ្យលោកស្រីមអាចកាន់អំណាចបន្តទៀត ហើយការធ្វើបែបនេះមានន័យថាជាការរក្សាតុល្យភាពរវាងស្ថាប័នពួកអភិរក្សនិយម ដែលរួមមានក្រុមរាជវាំង ស្ថាប័នតុលាការ និងស្ថាប័នយោធានៅម្ខាងទៀត។