ស្ថានភាពគ្រួសារមិនអំណោយផលធ្វើឲ្យ លោក សុខ ចាន់ផល ត្រូវផ្លាស់ប្តូរទីកន្លែងរស់នៅពីកន្លែងមួយទៅកន្លែងមួយជាមួយម្តាយរបស់លោក ក្នុងនាមជាកូនប្រុសលោកត្រូវទទួលខុសត្រូវក្នុងការផ្គត់ផ្គង់គ្រួសារ។ ការសរសេរជីវប្រវត្តិរបស់លោកក្នុងប្លុក អំពីជីវិតលំបាកវេទនាក្នុងរយៈពេលលោករស់នៅខេត្តកំពង់ចាម និងខេត្តក្រចេះ លោក ចាន់ផល បានសរសេរភាគច្រើនអំពីអក្សរសាស្រ្តរឿងខ្លីៗ រឿងប្រលោមលោកខ្លីៗ រឿងប្រវត្តិសាស្រ្តខ្មែរ ជាភាសាខ្មែរ។ ពេលខ្លះលោកក៏បានសរសេរអំពីរឿងប្រចាំថ្ងៃរបស់លោកតាមបែបកំប្លែងបង្អាប់ខ្លួនឯង។ ក្នុងឆ្នំា២០០៩ លោកបានជាប់ចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់អក្សរសាស្រ្ត នូ ហាច ចំពោះរឿងខ្លីចំនួន១០ទំព័រ ចំណងជើងថា កាបូបលុយ។
លោកបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស ទោះបីជាភាគច្រើនលោកត្រវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកនិពន្ធចម្រៀងខ្មែរដ៏ល្បីមួយរូប ក្នុងវ័យ ២៨ឆ្នាំ អ្នកនិពន្ធបទចម្រៀង ហើយជាអ្នកសរសេរប្លុកដ៏ឆ្នើមរូបនេះ បានធ្វើការក្នុងផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ល្បីនៅក្នុងប្រទេស។
“ ជីវិតគឺជាការដោះដូរ។ បន្ទាប់ពីបានសរសេរជីវប្រវត្តិរបស់ខ្ញុំ ខ្ញុំទទួលស្គាល់ថាខ្ញុំបានដើរមកយ៉ាងឆ្ងាយណាស់ហើយ។ លោកបាននិយាយថា “ជីវិតគឺជាការធ្វើដំណើរ បើទោះបីជាវាមិននៅស្ថិតស្ថេរនិរន្តរ៍ក៏ដោយ តែវាក៏វែងគ្រប់គ្រាន់ក្នុងការមានជីវិតរស់នៅយ៉ាងមានន័យបាន។” អ្នកនិពន្ធអត្ថបទឲ្យ ក្លូប៊យ វ៉យស៍ កែវ គូនីឡា មានឱកាសធ្វើបទសម្ភាសន៍លោកចាន់ផល តាមរយៈអ៊ីម៉ែល។១. ខ្ញុំគិតថាលោកបានប្រលងយកពានរង្វាន់អក្សរសិល្បលោក នូ ហាច។ តើលោកបានជាប់ពានរង្វាន់អ្វីផ្សេងទៀតឬទេ? តើលោកគិតដូម្តេចចំពោះស្ថានភាពអ្នកនិពន្ឋបច្ចុបន្នក្នុងប្រទេសកម្ពុជា?
សម្រាប់ខ្ញុំការនិពន្ធនេះ គឺកើតចេញដោយឯកឯង។ ខ្ញុំស្រលាញ់ការសរសេរខ្លំាងណាស់ ហើយទេពកោសល្យនេះក៏មិនមែនកើតឡើងដោយងាយស្រួល ដោយខ្ញុំត្រូវតែខិតខំដុះខាត់ទេពកោសល្យនេះបន្ថែមទៀត។ ចាប់តាំងពីខ្ញុំដឹងថាខ្ញុំអាចសរសេរបានមក ខ្ញុំបានចាប់ ផ្តើមខិតខំដើម្បីឲ្យជំនាញការនិពន្ធនេះរីកចម្រើន។ ចាប់តាំងពីពេលនោះមកខ្ញុំបានទទួលការគំាទ្រយ៉ាងច្រើនពីអ្នកគាំទ្រដែលបានស្ដាប់បទចម្រៀងដែលខ្ញុំបាននិពន្ធ។ ក្នុងឆ្នាំ ២០០៩ ខ្ញុំបានព្យាយាមជាច្រើនដងដើម្បីឈ្នះពានរង្វាន់លោក នូ ហាច ប៉ុន្តែខ្ញុំបានត្រឹមតែ ចំណាត់ថ្នាក់លេខ៣ សម្រាប់ការការនិពន្ធរឿងខ្លី កាបូបលុយ ហើយអត្ថបទផ្សេងទៀតទទួលបានត្រឹមតែលិខិតសរសើរ។ ខ្ញុំគិតថាមានមនុស្សមិនច្រើននាក់ទេក្នុងប្រទេសកម្ពុជាដែលចាប់អារម្មណ៍នឹងការនិពន្ធ ហើយមានអ្នកកាសែតច្រើនជាងអ្នកសរសេរអត្ថបទ។ ប្រសិនបើអ្នក ឲ្យខ្ញុំរាប់ឈ្មោះអ្នកនិពន្ធប្រលោមលោកខ្មែរ នេះជាការលំបាកណាស់។ តែគួរឲ្យសោកស្តាយប្រជាជនខ្មែរមិនសូវចូលចិត្តអានទេ ហេតុដូច្នេះហើយមិនសូវមានមនុស្សច្រើននាក់ដែលចូលចិត្តការនិពន្ធ។ ប្រៀបធៀបទៅនឹងប្រទេសជិតខាង កម្ពុជាមិនបានបោះពុម្ព សៀវភៅ ឬផលិតកុនច្រើនណាស់ណាទេ ហើយរោងកុនរបស់យើងក៏ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់។
២. ខ្ញុំធ្លាប់ឃើញលោកប្រើ ហ្វេសប៊ុក និងវែបសាយផ្សេងដទៃទៀតដើម្បីបោះពុម្ពផ្សាយអត្ថបទរបស់លោកមែនដែរឬទេ? តើលោកយល់យ៉ាងណាចំពោះ សង្គមនៅលើប្រព័ន្ធអ៊ីនធើណែតសព្វថ្ងៃនេះ ក្នុងនាមជាអ្នកជំនាញដូចលោក?
ទោះបីជាខ្ញុំមិនធ្លាប់បានរកប្រាក់ចំណូលសូម្បីមួយសេនពីការបោះពុម្ពផ្សាយរឿងរបស់ខ្ញុំនៅលើ ហ្វេសប៊ុក ឬវែបសាយដទៃទៀតដូចជា issuu.com ក៏ដោយ ប៉ុន្តែខ្ញុំមានការសប្បាយរីករាយពេលដែលមានការគាំទ្រពីអ្នកអានជនជាតិខ្មែរ។ ខ្ញុំសរសេរគឺសម្រាប់អ្នកអាន។ គឹសម្រាប់អ្នកអានរបស់ខ្ញុំ។ ជារឿយៗខ្ញុំបានជួបអ្នកអានជនជាតិខ្មែរនៅតាមប្រព័ន្ធអ៊ីនធើណែតហើយខ្ញុំសប្បាយចិត្តដែលបានចែករំលែករឿងរ៉ាវរបស់ខ្ញុំក្នុងអ៊ីនធើណែតជាមួយពួកគេ។
៣. តើលោកគិតយ៉ាងណាចំពោះថ្លៃចំណាយនៃការបោះពុម្ពសៀវភៅក្នុងប្រទេសកម្ពុជា? តើលោកគិតថាវេទិកាលើប្រព័ន្ធអ៊ីនធើណែត ដូចជា ប្លុក (wordpress/blogspot) និង Issuu មានសារៈសំខាន់សម្រាប់អ្នកនិពន្ធនៅកម្ពុជាដែរឬទេ?
ប្រាកដហើយ។ ចាប់តាំងពីមុនរហូតដល់ឥឡូវ ខ្ញុំបានបោះពុម្ពផ្សាយសៀវភៅពីរ ទៅបីក្បាល ដែលថ្លៃចំណាយដូចជាមិនសូវខ្ពស់នោះទេ ប៉ុន្តែមានការលំបាកក្នុងការលក់ចេញ។ ការដាក់លក់សៀវភៅក្នុងតូបចែកចាយសៀវភៅតូចៗគឺមិនដំណើរការ ដូច្នេះហើយអ្នកដែលមានបំណងចង់ទិញសៀវភៅទាំងនោះក៏មានការលំបាកក្នុងការស្វែងរក។ ជាលទ្ធផល វាបែរជាធ្វើឲ្យខ្ញុំចំណាយលុយជាច្រើនក្នុងការបោះពុម្ព។ នៅពេលដែលខ្ញុំបានផ្សព្វផ្សាយរឿងរបស់ខ្ញុំតាមអ៊ីនធើណែត ខ្ញុំមិនចំាបាច់ចំណាយអ្វីឡើយ ប៉ុន្តែខ្ញុំក៏មិនមានចំណូលផងដែរ។
៤. តើលោកគិតថាបន្តិចទៀតអ៊ីនធើណែត នឹងក្លាយជាប្រភពសំខាន់ សម្រាប់អ្នកនិពន្ធដូចរូបលោក ក្នុងការបោះពុម្ពផ្សាយការងាររបស់លោកដែរឬទេ?
តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែមានបំណងចង់ក្លាយជាអ្នកនិពន្ធ។ ពេលខ្ញុំធំឡើង ខ្ញុំចង់ចែករំលែកការគិតរបស់ខ្ញុំជាមួយអ្នកដៃទទៀតនៅក្នុងពិភពលោក វេទិកាលើប្រព័ន្ធអ៊ីនធើណែត គឺជាជម្រើសល្អបំផុតក្នុងការបោះពុម្ពផ្សាយរឿងរបស់ខ្ញុំ។ ដល់ពេលមួយអ្នកមិនចំាបាច់ក្លាយជាអ្នកនិពន្ធអាជីពដើម្បីបោះពុម្ពរឿងរបស់អ្នកនោះឡើយ។ អ៊ីនធើណែតបានផ្ដល់ការងាយស្រួលជាច្រើន ដល់អ្នកសម្រាប់បោះពុម្ពអត្ថបទ រឿង ឬក៏រឿងប្រលោមលោកដែលអ្នកនឹងមានអ្នកគាំទ្រជាច្រើន។ មានចំនួនប្រជាជនខ្មែរកាន់តែកើនឡើងដែលកំពុងប្រើប្រាស់អ៊ីនធើណែត ដូច្នេះនេះជាចំណុចវិជ្ជមានសម្រាប់ការកើនឡើងនៃចំនួនអ្នកអានលើប្រព័ន្ធអ៊ីនធើណែត។ កាលពីមុនដែលមិនទាន់មានអ៊ីនធើណែត ពួកអ្នកនិពន្ធត្រូវរត់ទៅរករោងពុម្ព និងអង្វរគេឲ្យបោះពុម្ពឲ្យ ប៉ុន្តែ ឥឡូវអ៊ីនធើណែតហាក់បីដូចជាបានជំនួសរោងពុម្ពទៅហើយ។ សព្វថ្ងៃនេះមនុស្សជាច្រើនគ្រាន់តែចង់សរសេរ ហើយចែកគ្នាអានប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែស្រលាញ់ក្រដាសសៀវភៅ ប៉ុន្តែប្រទេសរបស់យើងមិនសូវសម្បូរអ្នកអាននោះទេ។ មានមនុស្សមួយចំនួនបានសាកល្បងបោះពុម្ពផ្សាយសៀវភៅរបស់ខ្លួន ប៉ុន្តែចុងក្រោយពួកគេត្រូវបរាជ័យ ប៉ុន្តែប្រសិនបើខ្ញុំមានលុយច្រើននោះ ខ្ញុំនឹងបោះពុម្ពផ្សាយសៀវភៅរបស់ខ្លួន និងដាក់លក់ចែកចាយនៅតាមតូបលក់សៀវភៅបន្ត។ យើងត្រូវតែពុះពារដើម្បីស្វែងរកនូវតុល្យភាព។
៥. តើលោកនឹងចង់ណែនាំវេទិកាបែបនេះឲ្យទៅអ្នកនិពន្ធដទៃទៀតដែរឬទេ?
ខ្ញុំបានប្រើអ៊ីនធើណែតបានពីរ បីឆ្នាំហើយ ខ្ញុំក៏មិនមានន័យថាខ្ញុំមិនណែនាំឲ្យធ្វើការបោះពុម្ពផ្សាយនោះទេ។ អ្វីដែលខ្ញុំចង់ណែនាំនោះគឺ អ្នកនិពន្ធដែលមិនមានថវិកាគ្រប់គ្រាន់ដើម្បីបោះពុម្ព គឺអាចផ្សព្វផ្សាយការងាររបស់ពួកគេតាមរយៈប្រព័ន្ធអ៊ីនធើណែត។ ពេលដំបូងដែលខ្ញុំបានប្រើ WordPress ខ្ញុំ បានផ្សព្វផ្សាយ រឿងរបស់ខ្ញុំតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែចូលចិត្តសៀវភៅជាង ព្រោះវាហាក់បីដូចជាអនុស្សាវរីយ៍ ដែលខ្ញុំអាចដាក់តំាងលើធ្នើសៀវភៅ លើក្បាលដំណេករបស់ខ្ញុំ។ ក្រដាសសៀវភៅ គឺខុសគ្នាពីសៀវភៅអេឡិកត្រូនិកដែលមានចំនួនរាប់លាន ងាយស្រួលទាញយក និងអានបាន មានទំហំតូច ប៉ុន្តែវាគ្មានតម្លៃបែបមនោសញ្ចេតនាដូចជាសៀវភៅនោះទេ។
1 មតិ
ខ្ញុំគ្រាន់តែចង់ដឹងនូងព្រឹត្តការណ៍ដែលផ្តល់នូវគុណប្រយោជន័សំរាប់ខ្ញុំក៍ដូចមនុស្សទូទៅដែ។