ហ៊ូមែន ខាកផរ (Houman Khakpour) ជាអ្នកសរសេរប្លុកស្តីពីបរិស្ថានរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានប្តឹងដោយការិយាល័យការពារបរិស្ថានដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុង ខេត្ត ឆាម៉ាហាល បាក់ទីយ៉ារី (Chahrmahal Bakhtyari) ដោយសារតែការដាស់តឿនពីគ្រោះថ្នាក់នៃគម្រោងបំពង់បង្ហូរឧស្ម័នសម្រាប់បរិស្ថានក្នុងតំបន់។
ខាកផរ បាននិយាយពន្យល់នៅក្នុងប្លុករបស់គាត់ Dideh ban Tabiate Bakhtyari (អ្នកឃ្លាំមើលធម្មជាតិនៅបាក់ទីយ៉ារី) ថាគាត់ប្រឆាំងនឹងបទចោទប្រកាន់ “រំខានដល់គំនិតសាធារណៈ” និង “ការផ្សាយព័ត៌មានមិនពិត” ។ កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១១ គាត់បាន សរសេរថា [fa]:
បន្ទាប់ពីខ្ញុំបានសរសេរអត្ថបទទាក់ទងនឹងការសាងសង់ផ្លូវដើម្បីឲ្យបំពង់បង្ហូរឧស្ម័នឆ្លងកាត់ក្នុងតំបន់ការពារបរិស្ថានដែលត្រូវបានគេអភិរក្សក្នុង ‘ថែង អ៊ី សាយ៉ាត (Tang-e- Sayad)’ ការិយាល័យការពារបរិស្ថានក្នុង ឆាម៉ាហាល បាក់ទីយ៉ារី បានដាក់ពាក្យបណ្តឹងចំពោះខ្ញុំ ហើយខ្ញុំត្រូវតែទៅតុលាការនៅទីក្រុង សារេ ខឺត (Shahre Kurd)។ អត្ថបទរបស់ខ្ញុំទាក់ទងនឹងប្រធានបទនេះត្រូវបានបោះពុម្ពផ្សាយសារជាថ្មីនៅលើគេហទំព័រជាច្រើន។
នៅក្នុងអត្ថបទដ៏ចម្រូងចម្រាស់កាលពីមួយខែមុន ហ៊ូមែន ខាកផរ តវ៉ា [fa] ថាការិយាល័យការពារបរិស្ថានមិនបានបញ្ចេញនូវការទប់ទល់ចំពោះការសាងសង់បំពង់បង្ហូរឧស្ម័ន និងថ្នល់ប្រវែង ១០គីឡូម៉ែត្រឆ្លងកាត់តំបន់អភិរក្សធម្មជាតិនោះទេ។
ម៉ូហ្គន ចាមស៊ីឌី (Mojgan Jamshidi)អ្នកសារព័ត៌មានឈានមុខ និងជាអ្នកសរសេរប្លុកដែរនោះ មានការភ្ញាក់ផ្អើ់ល ហើយនាងនិយាយថាក្នុងរយៈពេល៤០ឆ្នាំ នៃការធ្វើការរបស់នាង នាងមិនដែលបានជួបប្រទះនឹងសកម្មភាពបែបនេះទេ។ នាង សរសេរថា [fa]:
វាមិនគួរឲ្យជឿដែលប្រធានការិយាល័យការពារបរិស្ថានដែលបានអះអាងថាមានបទពិសោធន៍ ១០ឆ្នាំជាមួយនឹងបណ្តាញសារព័ត៌មាន បានដាក់ពាក្យបណ្តឹងចំពោះអ្នកសរសេរប្លុក ហើយចោទប្រកាន់គាត់ពីបទ រំខានដល់គំនិតសាធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលអាជ្ញាធរព្រមសម្របតាមអ្នកដែលបំផ្លាញបរិស្ថាន តែបែរជាមកប្តឹងសកម្មជនស្រឡាញ់ធម្មជាតិ និងបរិស្ថានទៅវិញ។
អេនីម៉ល ភើសៀន (Animal Persian) និយាយថា [fa] ហ៊ូមែន វិភាគបញ្ហាបរិស្ថានជាមួយនឹងភ្នែកដែលពោរពេញទៅដោយភាពវែកញែកនៅលើប្លក់របស់គាត់។ គាត់មានបទពិសោធន៍ ១៩ឆ្នាំក្នុងជំនាញរបស់គាត់។ អ្នកសរសេរប្លក់និយាយថាបច្ចុប្បន្នអាជ្ញាធរមិនមែនគ្រប់គ្រងតែចំពោះប្លក់ទាក់ទងនឹងបរិស្ថាននោះទេ គឺពួកគាត់ផ្តោតលើអ្នកសរសេរប្លុកផ្ទាល់តែម្តង។