ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ៖ ​​​សំឡេង​​​នៅ​លើ​ហ្វេសប៊ុក

អ្នក​ប្រើប្រាស់​​​អ៊ីនធើណែត​នៅ​ប្រទេស​កម្ពុជា​​​កំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និង​ចែក​រំលែក​ព័ត៌មាន​ថ្មីៗ​ដែល​ទាក់ទង​នឺង​​ ការ​បោះឆ្នោត ជ្រើសរើស​​សមាជិក​សភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែ​ព្យាយាម​​បង្កើន​ប្រជាប្រិយ​ភាព​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។

ង៉ែត ម៉ូសេ ជាសកម្មជន និង អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស បាន​ទទួល​ស្គាល់​កំហុស​របស់​លោក​ អំពីការអះអាង​​ពី​ពេល​មុន​ដែល​ថា​អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា​គឺ​គិត​តែ​ពី​ការ​កំសាន្ដ៖​

ប៉ុន្មាន​ខែ​មុន ខ្ញុំ​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​ភ្នាក់ងារសារព័ត៌មានថា ក្មេងៗដែលប្រើប្រាស់ហ្វេសប៊ុកគឺដើម្បីតែការកំសាន្ដ​និង​​ប្រើប្រាស់​តាម​ចំណង់​ចំណូល​​ចិត្តរបស់គេ ប៉ុណ្ណោះ​។ តាំង​ពី​​ចាប់​ផ្ដើម​ការឃោសនាបោះឆ្នោត​​មក យុវវ័យ​ទាំង​អស់​នោះ​​បាន​បង្ហាញ​ថា​អ្វី​ដែល​ខ្ញុំ​គិត​គឺ​ខុស ពិត​មែន​ហើយ ខ្ញុំ​ទទួល​ស្គាល់​​​ថា​​មតិ​​របស់​ខ្ញុំ​ពី​មុន​គឺ​ខុស។ ខ្ញុំ​​បាន​​ឃើញ​ការ​កើន​ឡើង​នៃ​ចំនួន​​យុវវ័យ​​ដែល​ប្រើប្រាស់​វេទិកា​សង្គម​ដើម្បី​ការ​ផ្លាស់ប្ដូរ។ ជូន​ចំពោះ​យុវវ័យ​ទាំង​អស់​​​ដែល​​បាន​ក្រោកឈរ​ដើម្បីសិទ្ធ​របស់ពួកគេក្នុងការជ្រើសរើសអ្នកដឹកនាំ សុំទទួលយកការសុំទោសរបស់ខ្ញុំផង។​

ព្រះនាង​ម្ចាស់​ នរោត្តម អារុណ​រស្មី​​ បុត្រី​របស់​​​អតីតព្រះមហាក្សត្រ​​​ នរោត្តម សីហនុ និង​ជា​ព្រះប្រធាន​នៃ​​គណបក្ស​​​​​​ខ្សែ​រាជវង្ស​​ ​លើក​ដៃ​​​​​ស្វាគមន៍​​​​ក្រុម​​អ្នក​គាំទ្រ​របស់​ព្រះនាង​​​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​​ទីលាន​ប្រជាធិបតេយ្យ​​​ នៅ​ភ្នំពេញ។ រូបថត​ ដោយ​ថូម៉ាស​ គ្រីស្ដុហ្វូលេទី​ Copyright @Demotix (7/3/2013)

អ៊ឹម រចនា ​អ្នក​សារព័ត៌មាន​​នៃ វិទ្យុ​បារាំង​អន្តរជាតិ​ ជាភាសាខ្មែរ និងជាអ្នកសរសេរប្លុក​​​​​​ស្ត្រីវ័យក្មេងម្នាក់ យល់ស្របនឹង ម៉ូសេ ក្នុង​​សារ​តាមហ្វេសប៊ុក ដែលឆ្លើយតបមកកាន់អ្នកសរសេរអត្ថបទព័ត៌មានថា៖

ហ្វេសប៊ុក​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​វិធី​​​​ដ៏​​ថ្មីស្រឡាង​មួយ។ អ្នកប្រើប្រាស់ ជាពិសេស​យុវវ័យ​បានប្រើប្រាស់​បណ្ដាញ​សង្គម​​ជា​វេទិកា​ក្នុង​ការ​បញ្ចេញមតិ​ផ្នែក​នយោបាយ​របស់​គេ។ […] តាមដែលខ្ញុំសង្កេត នេះ​គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បីបំពង​សំឡេង របស់​មនុស្ស​ម្នាក់​ឲ្យ​គេ​បាន​ឮ និង​ដើម្បី​បញ្ជាក់​ពី​​ភាព​ល្អប្រសើរ​នៃ​សេរីភាព​​​បញ្ចេញមតិ​នៅប្​រទេស​កម្ពុជា ដែល​មិនច្រើន​ណាស់​ណាទេ តែ​យ៉ាង​ហោច​ណាស់​វា​ល្អ​ប្រសើរ​ជាង​មុន​បន្ដិច។

ប៉ុន្តែ រចនា​បាន​ក្រើន​​រំលឹក​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធើណែត ដែលបាន​​ចូលរួម​ក្នុង​ការ​ជជែក​វែកញែក​ផ្នែក​នយោបាយ​ឲ្យ​​គោរព​​អ្នក​ដែល​មាន​គំនិត​ផ្សេង​ពី​ខ្លួន​។

ជាធម្មតា ពួកគេ​តែងតែ​បញ្ចប់​ដោយ​ការ​ជេរប្រមាថ​អ្នកដទៃ​ដែល​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន។ ពួកគេ​ជឿ​ថា​ពួកគេ​មាន​សេរីភាព​ក្នុង​ការ​គាំទ្រ​គណបក្ស​មួយ ក៏​ប៉ុន្តែ​ពួកគេ​មិន​គោរព​សេរីភាព​របស់​អ្នក​ដទៃ​ក្នុង​ការ​គាំទ្រ​គណបក្ស​ផ្សេង​ទៀត​នោះ​ទេ។ ពេល​ខ្លះ​ខ្ញុំ​ពិបាក​នឹង​ជឿ​នូវ​អ្វី​ដែល​គេ​ផូស​ក្នុង​ហ្វេសប៊ុក​ព្រោះខ្ញុំ​​យល់​ថា​អ្វី​​ទាំង​នោះ ពួកគេ​គ្រាន់​តែ​ផូស​ដោយ​ប្រើ​ម្រាមដៃ តែ​មិនមែន​ដោយ​ប្រើ​ខួរក្បាល​នោះ​ទេ។

ទោះជា​យ៉ាង​ណា​ក៏ដោយ រចនាក៏នូវតែ សាទរចំពោះភាពក្លាហានរបស់យុវវ័យ ក្នុងការបញ្ចេញគំនិតរបស់ពួកគេ ហើយ​កញ្ញា​សង្ឃឹម​ថា​វា​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​សង្គម ជា​ពិសេស​សេរីភាព​បញ្ចេញមតិនៅកម្ពុជា។

បេ ចន្រ្តា អ្នកគ្រប់គ្រងបណ្ដាញទំនាក់ទំនងសង្គមនៃ វិទ្យាស្ថាន បើកទូលាយ និង ជាអ្នករៀបចំ​កម្មវិធី​បារខែម​​ដ៏ល្បីឈ្មោះម្នាក់ នៅកម្ពុជា ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​​ថាជាមនុស្សដែលមិនចូលចិត្ត​និយាយ​​ពី​រឿង​នយោបាយ ថ្មីៗ​នេះ លោក​ក៏​បាន​ចូលរួម​ការ​ពិភាក្សារឿង​​នយោបាយផងដែរ។ នៅ​ក្នុង​​ការ​សម្ភាសន៍​ជាមួយ​អ្នក​សរសេរ​អត្ថបទ​ព័ត៌មាន​នេះ។ ចន្រ្តា បាន​បក​ស្រាយ​ពី​ចំណង់ចំណូល​ចិត្ត​​ដែល​កើត​មាន​យ៉ាង​ឆាប់​រហ័ស​របស់​លោក​មកលើ​បញ្ហា​នយោបាយថា ៖

ដោយ​ផ្ទាល់​ខ្លួន​​ ​ខ្ញុំ​​​មិន​ចូលចិត្ត​នយោបាយ​នោះទេ ខ្ញុំ​មិន​ចូល​ជា​សមាជិកបក្សណានោះទេ។ ខ្ញុំចូលចិត្តនៅកណ្ដាល ខ្ញុំគឺ​ជា​ប្រជាពល​រដ្ឋ​ម្នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​ចែក​រំលែក​គំនិត​របស់ខ្ញុំ។ ខ្ញុំ​បាន​អាន​រឿងរ៉ាវ​ជា​ច្រើន​នៅ​លើ​ហ្វេសប៊ុក​​អំពីស្ថានភាពនៅប្រទេសកម្ពុជា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​។

ថ្មីៗនេះ ចន្ត្រា បានសួរអំពីតួនាទីរបស់ទីប្រឹក្សាចំនួន ១៦៤នាក់ របស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច និង​ថា​តើ​ពួកគេ​ពិត​ជា​បាន​ផ្ដល់​មតិ​យោបល់​ដ៏​​ត្រឹមត្រូវ​​ជូន​ទៅរដ្ឋាភិបាល​​លើ​​បញ្ហា​ជាក់លាក់​ដូចជា សុខាភិបាល ប្រព័ន្ធអប់រំ តុលាការ ការវិនិយោគ និងការប្រើប្រាស់នូវធនធានធម្មជាតិដែរឬទេ?

ទេព សុវិចិត្រ​ ជាសិស្សវិទ្យាល័យ និងជាអ្នកសសេរប្លុកម្នាក់ដែលមានវ័យក្មេងនៅក្នុងកម្ពុជា ក៏​បាន​កត់​​ម្គាល់ឃើញពីការកើនឡើង នៃសារៈសំខាន់របស់បណ្ដាញសង្គមនៅក្នុងប្រទេសផងដែរ៖

[…] ការចែករំលែកព័ត៌មានជាច្រើននៅលើបណ្ដាញសង្គម មិនមែនទើបតែកើតមានឡើងស្របពេលជិតបោះឆ្នោតឡើយ […] បើតាមខ្ញុំចាំគឺប្រហែលនៅពាក់កណ្ដាល ឬ ចុងឆ្នាំ២០១១ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់ផ្ដើមប្រែប្រួល ដោយផ្ដោតលើការចែករំលែកព័ត៌មាន ព្រោះព័ត៌មានមួយចំនួនពុំត្រូវបានចាក់ផ្សាយពេញលេញតាមបណ្ដាញផ្សព្វផ្សាយដូចជាទូរទស្សន៍ឬវិទ្យុឡើយ។

ទោះបី​ជា​វិចិត្រ នៅ​​ក្មេង​ហើយ​មិន​ទាន់​មាន​សិទ្ធិ​បោះឆ្នោត​ក៏ដោយ លោក​ជឿ​ថា​ព័ត៌មាន​ដែល​ចែករំលែក​តាម​អ៊ីនធើណែត អាច​ធ្វើ​ឲ្យ​​លោក​​អាច​​ធ្វើ​ការ​សម្រេច​ចិត្ត​​ដ៏​​​ត្រឹមត្រូវ​​​សម្រាប់​ការ​​បោះ​ឆ្នោតនៅអាណត្តិក្រោយ៖​

ថ្វីបើខ្ញុំពុំទាន់គ្រប់អាយុបោះឆ្នោតក្ដី (តែនឹងចូលរួមក្នុងអាណត្តិក្រោយមិនឲ្យខាន) ក៏បណ្ដាញសង្គមលើអ៊ីនធឺណិតនោះ បាន​បង្ហាញ​ឲ្យ​ខ្ញុំ​យល់​ជាក់​ច្បាស់អំពីស្ថានការណ៍នាពេលបច្ចុប្បន្ន ដើម្បីត្រៀមខ្លួនដើម្បីជ្រើសរើសគណបក្សមួយដែលខ្ញុំគិត និងសង្ឃឹមថាធ្វើបានប្រសើរសម្រាប់ប្រទេសជាតិ។

Exit mobile version