ក្នុងអំឡុង កិច្ចប្រជុំកំពូលរបស់ ក្លូប៊ល វ៉យស៍ ឆ្នាំ២០១០ នៅប្រទេស ឈីលី [1] ក្មេងស្រីម្នាក់បានសួរខ្ញុំថា តើខ្ញុំពិតជាមកពីប្រទេសជប៉ុនមែនឬ ជាប្រទេសដែលនាងមានចំណាប់អារម្មណ៍មកលើជាខ្លាំង ចំពោះគ្រប់រឿង ទាំងភាសា វប្បធម៌ និងជាពិសេសគឺហ្ស៊ូហ្ស៊ី។ ខ្ញុំស្ងើចដែលនាងអាចនិយាយភាសាជប៉ុន បានល្អជាងខ្ញុំផ្ទាល់ដែលបានរស់នៅប្រទេសជប៉ុនរយៈពេល ពីរឆ្នាំរួចទៅហើយ។
នាងគឺ រ៉ាឌីហ្វឺរ៉ា ហ្វេឡាណា ខែនឌី [2]អ្នកបកប្រែសម្រាប់គម្រោងភាសារបស់ក្លូប៊ល វ៉យស៍ គឺភាសា ម៉ាឡាហ្កាស៊ី។ ខែនឌីដែលមានអាយុត្រឹមតែ ១៥ឆ្នាំ ប្រហែលជាសមាជិកវ័យក្មេងបំផុតក្នុង ក្រុមក្លូប៊ល វ៉យស៍ [3]។ ការចូលរួមរបស់អ្នកជាមួយក្លូប៊ល វ៉យស៍ មិនត្រឹមតែអាចជួយអភិវឌ្ឍន៍ជំនាញផ្នែកភាសារបស់នាងនោះទេ ប៉ុន្តែថែមទាំងជួយឲ្យនាងអាចលើកកម្ពស់ភាសាជាតិរបស់នាងផងដែរ គឺម៉ាឡាហ្កាស៊ី។ បច្ចុប្បន្ន ខែនឌី គឺជានិស្សិតសកលវិទ្យាល័យ ដែលមានបំណងចង់ដឹងបន្ថែមពី អ៊ិនហ្វូក្រាហ្វេក (infographics) ក្នុងសកលវិទ្យាល័យ ហើយនាងសង្ឃឹមថានឹងប្រើប្រាស់ ប្លុក [4]សម្រាប់ជាឧបករណ៍ដើម្បីឲ្យមានការផ្លាស់ប្ដូរសង្គម។ ការតស៊ូមតិតាមរយៈប្លុកនេះ គឺពិតជាគួរឲ្យសរសើរខ្លាំងណាស់។
ខ្ញុំបានសម្ភាសន៍ខែនឌី តាមរយៈអ៊ីម៉ែល អំពីជីវិតផ្ទាល់ខ្លួនរបស់នាង និងសកម្មភាពការសរសេរប្លុក ៖
១. សូមប្រាប់ខ្ញុំបន្ថែមពីខ្លួនអ្នក ៖
ខ្ញុំឈ្មោះ រ៉ាឌីហ្វេរ៉ា ហ្វេឡាណា ខែនឌី អាយុ ១៥ឆ្នាំ ហើយខ្ញុំកើតនៅម៉ាដាហ្គាស្កា។ ខ្ញុំជាសិស្សឆ្នាំទីពីរនៅវិទ្យាល័យ។ ខ្ញុំរៀនភាសាជប៉ុន ក្នុងអំឡុងពេលដែលខ្ញុំរៀនឆ្នាំទីមួយនៅវិទ្យាល័យ ប៉ុន្តែនៅពេលនោះខ្ញុំគ្រាន់តែរៀនពីនេះ ពីនោះ នៅលើអ៊ីនធឺណេត។ ខ្ញុំសម្រេចចិត្តរៀនភាសានេះ រយៈពេលមួយឆ្នាំក្រោយ។
២. តើអ្នកបានចាប់សរសេរប្លូករយៈពេលប៉ុន្មានឆ្នាំមកហើយ? ហេតុអ្វី?
កាលពីដំបូង ខ្ញុំបានឮអំពីការសរសេរប្លុកតាមរយៈគម្រោង “ហ្វូកូ ម៉ាដាហ្គាស្កា”។ ខ្ញុំបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលពីការសរសេរប្លុកដែលពួកគេបានរៀបចំ។ ខ្ញុំសរសេរប្លុកតាំងពីឆ្នាំ ២០០៧។ ប៉ុន្តែ ពេលនោះខ្ញុំមិនសូវជាសកម្មនោះទេ។ ខ្ញុំមិនមានអ៊ីនធឺណេតប្រើនៅផ្ទះ ហើយខ្ញុំមិនដឹងជាត្រូវសរសេរពីអ្វីផងដែរ។ ខ្ញុំសរសេរប្លុក ដោយសារតែខ្ញុំចូលចិត្តសរសេរពីរឿង តាំងពីខ្ញុំនៅក្មេង។
៣. តើពេលចាប់ផ្តើមដំបូងអ្នកសរសេរពីអ្វី?
ខ្ញុំសរសេរអំពីរឿងរ៉ាវដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ អំពីរឿងដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ឬធ្វើឲ្យខ្ញុំខឹង។
៤. តើគ្រួសាររបស់អ្នកបើកចំហចំពោះការប្រើប្រាស់បច្ចេកវិទ្យាថ្មីដែរឬទេ? តើពួកគេគាំទ្រចំពោះសកម្មភាពនៅលើអ៊ីនធឺណេតរបស់អ្នកដែរឬទេ?
ចាស! ដោយសារតែទាំងឪពុក និងម្ដាយរបស់ខ្ញុំសុទ្ធតែធ្វើការជាមួយកុំព្យូទ័រ ជាពិសេសឪពុករបស់ខ្ញុំ ព្រោះគាត់ចាប់អារម្មណ៍ចំពោះការថតរូបជាខ្លាំង។ ឪពុករបស់ខ្ញុំជាអ្នកសរសេរប្លុកដ៏សកម្មម្នាក់។ ដរាបណាដែលខ្ញុំមិននិយាយពីរឿងនយោបាយ គឹគ្មានបញ្ហានោះទេ ដោយសារតែនៅម៉ាដាហ្គាស្កានេះ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ នយោបាយគឺជាប្រធានបទរសើបមួយ។
៥. តើអ្នកចូលចិត្តអ្វីបំផុតអំពីការសរសេរប្លុក?
ការសរសេរប្លុក ធ្វើឲ្យខ្ញុំអាចចែករំលែកគំនិតរបស់ខ្ញុំទៅកាន់អ្នកដទៃ ដើម្បីអនុញ្ញាតឲ្យពួកគេដឹងពីអ្វីដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ និងក្នុងសហគមន៍របស់ខ្ញុំ។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះឱកាសដើម្បីចែករំលែកពីរូបខ្ញុំទៅកាន់អ្នកដទៃ និងដើម្បីទំនាក់ទំនងជាមួយអ្នកអាន។ ប្លុកជាវិធីមួយដើម្បីធ្វើទំនាក់ទំនងជាមួយអ្នកដទៃ។ ប៉ុន្តែក្រៅពីការសរសេរ ខ្ញុំក៏ចូលចិត្តបង្កើតផ្ទាំងបដាសម្រាប់ប្លុករបស់ខ្ញុំផងដែរ ខ្ញុំចូលចិត្តកែរូបថត ទោះបីជាខ្ញុំមិនសូវជាមានជំនាញនៅឡើយក៏ដោយ។
៦. តើអ្នកគិតយ៉ាងម៉េចចំពោះការសរសេរប្លុកនៅក្នុងម៉ាដាហ្គាស្កា?
លទ្ធភាពក្នុងការប្រើប្រាស់ប្លុកគឺនៅមានកម្រិតនៅម៉ាដាហ្គាស្កា ដោយសារមានតែមួយ ឬពីរភាគរយនៃប្រជាពលរដ្ឋម៉ាឡាហ្កាស៊ី ដែលអាចមានលទ្ធភាពប្រើប្រាស់អ៊ីនធើណែតបានព្រោះតែតម្លៃរបស់វា។ ប៉ុន្តែ ខ្ញុំដឹងថាមានមនុស្សជាច្រើនដែលចង់សរសេរប្លុក។ ប្រសិនបើអាចបង្កើននូវលទ្ធភាពប្រើប្រាស់អ៊ីនធើណែត ខ្ញុំជឿជាក់ថាការសរសេរប្លុកនឹងអាចរួមចំណែកក្នុងការផ្លាស់ប្ដូរវិធីជីវិតរបស់ប្រជាពលរដ្ឋម៉ាឡាហ្កាស៊ី។
៧. តើអ្នកមានការរំពឹងទុកអ្វីខ្លះពីការសរសេរប្លុកសម្រាប់ខ្លួនអ្នកផ្ទាល់ និងសហគមន៍របស់អ្នក?
ខ្ញុំសង្ឃឹមថានឹងអាចទាក់ទាញឲ្យមនុស្សជាច្រើនងាកមករកការសរសេរប្លុក ឬប្រហែលជាខ្ញុំនឹងអាចផ្លាស់ប្ដូរនូវទស្សនៈរបស់មនុស្សមួយចំនួនតាមរយៈការចែករំលែកគំនិតរបស់ខ្ញុំ ជាពិសេសអំពីការសរសេរប្លុក។ ខ្ញុំចាំថា ពេលដែលខ្ញុំប្រាប់មិត្តភក្តិរបស់ខ្ញុំមួយចំនួន ពួកគេនិយាយថាការសរសេរប្លុកគឺជាការខ្ជះខ្ជាយពេលវលា។
៨. អ្នកជាអ្នកបកប្រែឲ្យគម្រោងភាសារបស់ក្លូប៊ល វ៉យស៍ មកជាភាសាម៉ាឡាហ្កាស៊ី។ តើអ្នកគិតយ៉ាងដូចម្តេចចំពោះតួនាទីរបស់អ្នកជាមួយនឹង ក្លូប៊ល វ៉យស៍ ឥឡូវនេះ?
ក្លូប៊ល វ៉យស៍ ជាសហគមន៍ដ៏ធំមួយ វាជាវែបសាយដ៏សំខាន់ ហើយវែបសាយរបៀបនេះមានតិចតួចនៅឡើយ ដែលអាចបកប្រែមកជាភាសាម៉ាឡាហ្កាស៊ី។ ភាសាម៉ាឡាហ្កាស៊ី មិនត្រូវបានគេស្គាល់ច្រើននោះទេ ហើយនេះជាកិត្តិយសរបស់ខ្ញុំក្នុងការបកប្រែអត្ថបទរបស់ក្លូប៊ល វ៉យស៍ មកជាភាសាដើមរបស់ខ្ញុំ។ នេះក៏ជាវិធីមួយសម្រាប់ខ្ញុំដើម្បីអាចអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេស និងភាសាម៉ាឡាហ្កាស៊ីផងដែរ។ ហើយឥឡូវនេះដែលខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំកំពូល ខ្ញុំមានអារម្មណ៍កាន់តែមានការជំរុញចិត្តកាន់តែខ្លាំងក្នុងការបកប្រែ។ ខ្ញុំចូលចិត្តការងារនេះ។ ក្លូប៊ល វ៉យស៍ ក្លាយទៅជាអ្វីម្យ៉ាងដែលសំខាន់សម្រាប់ខ្ញុំ ហើយខ្ញុំមានមោទនភាពក្នុងការក្លាយជាផ្នែកមួយនៃសហគមន៍ក្លូប៊ល វ៉យស៍។
៩. តើនៅពេលអនាគតអ្នកមើលរូបអ្នកយ៉ាងដូចម្ដេច?
បន្ទាប់ពីវិទ្យាល័យ ខ្ញុំនឹងសិក្សាបច្ចេកវិទ្យាព័ត៌មាន ឬក៏អ៊ីនហ្វូក្រាហ្វិក។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងកាន់តែចូលរួមចំណែកកាន់តែច្រើនជាមួយក្លូប៊ល វ៉យស៍។
១០. តើអ្វីជាសាររបស់អ្នកទៅកាន់អ្នកប្រើប្រាស់អ៊ីនធើណែតដទៃទៀត?
សូមធ្វើចិត្តឲ្យកាន់តែបើកទូលាយ។ ការសរសេរប្លុកគឺជាវិធីងាយស្រួលដើម្បីចែករំលែកគំនិតរបស់អ្នក។ វានឹងមិនមែនជាការខ្ជះខ្ជាយពេលវេលានោះទេ ជាពិសេសប្រសិនបើអ្នកសរសេរអ្វីម្យ៉ាងដែលគួរឲ្យចាប់អារម្មណ៍ និងមានប្រយោជន៍។ តាមរយៈការសរសេរប្លុក ប្រហែលជាយើងនឹងអាចរកស្គាល់អ្នកសរសេរប្លុកដទៃក្នុងពិភពលោកដែលអាចចែករំលែកគំនិតរបស់យើង និងអ្នកដែលអាចយល់ និងជួយយើងក្នុងជីវិតរបស់យើង។ នៅពេលដែលខ្ញុំចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការសរសេរប្លុក របស់ ហ្វូកូ ខ្ញុំសួរពួកគេថាតើខ្ញុំអាចសរសេរអ្វីនៅលើប្លុក។ ចម្លើយរបស់គេគឺថាខ្ញុំអាចប្រើប្លុកជាកំណត់ហេតុប្រចាំថ្ងៃ។ វាជាការពិត ប៉ុន្តែសូមប្រយ័ត្នក្នុងការចែករំលែកពីអ្វីដែលមានលក្ខណៈផ្ទាល់ខ្លួនពេកនៅលើប្លុករបស់អ្នក មនុស្សមួយចំនួនអាចប្រើប្រាស់រឿងបែបនោះដើម្បីធ្វើបាប ឬវាយប្រហារលើរូបអ្នកក៏ថាបានដែរ។