ប្រសិនបើមានការបញ្ចេញកំហឹងយ៉ាងខ្លាំងក្លា និងការតវ៉ានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រតិកម្មតបនឹងការស្លាប់របស់ស្រ្តីវ័យក្មេង ដែលជាជនរងគ្រោះនៃ ការរំលោភសេពសន្ថវៈជាក្រុម អ្វីដែលផ្ទុយនឹងនោះគឺ ស្ថានភាពនៅប្រទេសកម្ពុជា ដែលហាក់ដូចជាមិនសូវមានការប្រឆាំងតវ៉ាជាសាធារណៈក្នុងករណីរំលោភសេពសន្ថវៈទាំងនេះនោះទេ។
ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដហុក) ដែលបាន កត់ត្រា នូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខទាំងនេះអាចមានចំនួនខ្ពស់ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺមានការរាយការណ៍តិចជាងអ្វីដែលកើតមានជាក់ស្តែងក្នុងប្រទេសកម្ពុជា។
យោងតាមអង្គការនេះ ករណីរំលោភសេពសន្ថវៈមិនសូវបាននាំយកទៅកាន់តុលាការនោះទេ ដោយសារតែជនល្មើសអាចផ្តល់នូវសំណងផ្នែកហិរញ្ញវត្ថុទៅកាន់ជនរងគ្រោះ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ក៏បាន អះអាងចំណុចនេះដោយសារតែការពិតដែលថាសមាជិកនៃក្រុមគ្រួសារម្នាក់គឺត្រូវបានចង្អុល ថាជាជនល្មើសនៃការរំលោភសេពសន្ថវៈក្នុងចំណោមករណីចំនួន ៥៣ នៃករណីរំលោភសេពសន្ថវៈសរុបចំនួន ២៥០ករណី ដែលពួកគេបានកត់ត្រាទុករវាងខែឧសភា ឆ្នាំ២០១០ និង ខែឧសភា ឆ្នាំ២០១១។
អ្វីដែលអាក្រក់ជាងនោះទៅទៀតគឺមន្រ្តីអនុវត្តច្បាប់មួយចំនួនបានចោទប្រកាន់មកលើជនរងគ្រោះនៃអំពើរំលោភសេពសន្ថវៈទៅវិញ។ឆ្លើយតបទៅនឹងករណីថ្មីដែលពាក់ព័ន្ធនឹង ស្រ្តីពិការអាយុ ១៩ឆ្នាំ ដែលត្រូវបានគេចាប់រំលោភនៅក្នុងចម្ការចេកក្នុងខេត្តកណ្ដាល ក្នុងស្រុកកៀនស្វាយ ស្នងការប៉ូលីសស្រុក ផាម សំអិត ត្រូវបានរាយការណ៍ថា បាននិយាយថា ៖
ពេលដែលករណីរំលោភនេះកើតឡើងគឺម៉ោង ៩យប់ទៅហើយ។ នាងមិនគួរចេញក្រៅផ្ទះយប់ដល់ថ្នាក់ហ្នឹងទេ។
ការនិយាយបែបនេះ ឆ្លុះបញ្ចាំងពីអាកប្បកិរិយានៃមន្រ្តីសាធារណៈមួយចំនួន ដែលប្រឈមមុខនឹងករណីរំលោភសេពសន្ថវៈ ដែលនេះគឺជាការរារាំងជនរងគ្រោះ មិនឲ្យស្វែងរកការសុំជំនួយពីអាជ្ញាធររដ្ឋាភិបាល។ គួរឲ្យកំសត់ណាស់ដែលអាកប្បកិរិយាបែបនេះ មិនមែនកម្រិតត្រឹមក្នុងស្រុកតែមួយនេះទេ នៅមានករណីជាច្រើនដែលមន្រ្តីសាធារណៈត្រូវបានរាយការណ៍ថាបាននិយាយចេញនូវពាក្យសម្ដីអស់ទាំងនោះ។ ឧទាហរណ៍ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ត្រូវបានរាយការណ៍ថា គាំទ្រ នូវការដង្ហែក្បួនជាសាធារណៈរបស់មនុស្សប្រហែលជាច្រើនជាង ១០០នាក់ ដែលចេញមកជំរុញឲ្យស្រ្តីខ្មែរស្លៀកពាក់ឲ្យបានសមរម្យ ៖
ការស្លៀកសំពត់ខ្លី និងសម្លៀកបំពាក់ស៊ិចស៊ី បណ្ដាលឲ្យមានការរំលោភសេពសន្ថវៈកើតមានឡើង ដោយសារតែបុរសទាំងអស់ នៅពេលដែលពួកគេមើលឃើញសាច់ស ពួកគេនឹងមានអារម្មណ៍ថាចង់រួមភេទភ្លាម។
មិច ដារា និង ដេនីស ហ្រូប៊ី ដែលជាអ្នកនិពន្ធអត្ថបទឲ្យសារព័ត៌មាន ឌឹ ខែមបូឌា ដេលី បានដកស្រង់សម្ដី កាលពីឆ្នាំ២០១០ ដែលរាយការណ៍ដោយអង្គការលើកលែងទោសអន្តរជាតិដែលបានគោះជួងបង្ហាញឲ្យដឹងពីការកើនឡើងនៃករណីរំលោភសេពសន្ថវៈនៅកម្ពុជា
ក្នុងចំណោមនៃវប្បធម៌និទណ្ឌភាព និងការរីករាលដាលនៃអំពើពុករលួយ ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទនៅកម្ពុជា តែងតែមិនត្រូវបានផ្តល់យុត្តិធម៌ជូន ហើយត្រូវស្វះស្វែងរកលុយដើម្បីចំណាយលើថ្លៃចាយវាយមិនផ្លូវការសម្រាប់សេវាសុខភាព និងរកមធ្យោបាយដើម្បីស្វែងរកជំនួយ និងការគាំទ្រ។ ជាធម្មតា មន្រ្តីអនុវត្តច្បាប់ រួមទាំងនគរបាល និងបុគ្គលិកតុលាការរៀបចំនួវការចាយវាយក្រៅតុលាការរវាងជនរងគ្រោះ និងជនល្មើស (ឬក្រុមគ្រួសាររបស់ពួកគេ)។
ការខ្វះខាតនៃការស៊ើបអង្កេតដ៏មានប្រសិទ្ធភាព និងការផ្តន្ទាទោសដែលតែងតែផ្តល់ការឈឺចាប់ដល់ជនរងគ្រោះបន្ថែម ដែលជនរងគ្រោះទាំងនោះតែងតែរស់នៅក្នុងភាពភ័យខ្លាច ដោយសារជនល្មើសនៅមានសេរីភាពហើយអាចវាយប្រហារមកលើពួកគេម្ដងទៀត រួមជាមួយនឹងការឈឺចាប់ផ្នែកផ្លូវចិត្តបន្ថែមទៀត និងការអស់សង្ឃឹម។ បរាជ័យរបស់អាជ្ញាធរ រួមទាំងក្នុងប្រព័ន្ធតុលាការ មិនត្រូវបានសាកសួរ និងក្លាយទៅជាការពង្រីកនៃការយាយីក្នុងដំណាក់កាលដំបូង
ករណីពាក្យសម្ដីបែបរើសអើងមួយទៀតដែលត្រូវបានកត់ត្រាទុកគឺ សំណើ របស់អភិបាលក្រុងភ្នំពេញកាលពីឆ្នាំ២០០៩ ដែលហាមឃាត់ក្មេងស្រីអាយុក្រោម១៦ឆ្នាំ មិនឲ្យចេញក្រៅផ្ទះតែម្នាក់ឯងបន្ទាប់ពីម៉ោង៩យប់។ ជំនឿរបស់គាត់គឺថា ស្រ្តីវ័យក្មេងគឺនឹងមានវត្តមាននៅតាមក្លឹប ការ៉ាអូខេ ឬកន្លែងកំសាន្តដទៃទៀតដែលមានតែមនុស្សពេញវ័យប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូល។ គាត់បានបញ្ជាក់បន្ថែមថា សំណើនេះគឺមានគោលបំណងលើកកម្ពស់នូវសីលធម៌ដ៏ល្អក្នុងសង្គម។ ប៉ុន្តែ សំណើនេះត្រូវបានរិះគន់ដោយបុគ្គលជាច្រើន ដែលនិយាយថាអាជ្ញាធរគួរតែផ្តោតលើការពង្រឹងការអនុវត្តន៍ច្បាប់ ជាជាងស្ដីបន្ទោសមកលើជនរងគ្រោះ។
អាកប្បកិរិយាបង្វែរការស្ដីបន្ទោសមកលើស្រ្តី (ម.ស.ម.ក មិនបានរកឃើញនូវករណីណាដែលមានជនរងគ្រោះជាបុរស ឬជនល្មើសជាស្រ្តីក្នុងអំឡុងពេលនៃការចងក្រងឯកសារនេះទេ) កាន់តែធ្វើឲ្យស្រ្តីប្រឈមមុខនូវគ្រោះកាន់តែច្រើន។ ចំណុចនេះផ្ទុយពី សេចក្ដីប្រកាសរបស់រដ្ឋាភិបាល ដែលថា “ស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិ”។