ការស៊ើបអង្កេតលើរបាយការណ៍មរណៈភាពរបស់ពលការិនីជនជាតិកម្ពុជាធ្វើការនៅក្នុងប្រទេសម៉ាលេស៊ីត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាលេស៊ីសហការណ៍ជាមួយនឹងប៉ូលីសយោងតាមអត្ថបទរបស់ សារព័ត៌មានភ្នំពេញប៉ុស្តិ៍
ម្តាយមីងរបស់ពលការិនីរូបនោះត្រូវបានជូនដំណឹងដោយក្រុមហ៊ុនជ្រើសរើសពលករដែលមានឈ្មោះថា APTSE & C Cambodia Resource Co Ltd ថាក្មួយរបស់គាត់បានស្លាប់ដោយសារតែរោគរលាគសួត។ ក៏ប៉ុន្តែការពិនិត្យសុខភាពមុនពេលចាកចេញដំណើររបស់នាងដែលបានធ្វើនៅប្រទេសកម្ពុជាបានបង្ហាញថាសុខភាពរបស់នាងគឺនៅល្អណាស់។
ពេលនេះមានការចោទប្រកាន់ថានាងប្រហែលជាត្រូវបានគេសម្លាប់ យោងតាមការផ្សព្វផ្សាយដោយគេហទំព័រដែលជាបណ្តុំព័ត៌មាន
ខេមរៈនីយកម្ម ដែលបានផ្សព្វផ្សាយ និងចែកចាយអត្ថបទអ៊ីម៉ែលពីជនមិនស្គាល់មុខដែលបានរាយការណ៍ថាអ្នកបម្រើតាមផ្ទះម្នាក់នៅប្រទេសម៉ាលេស៊ីត្រូវរងការរំលោភបំពានពីចៅហ្វាយនាយរបស់នាង។
ករណីនេះត្រូវបានលើកឡើងដោយក្រុមសិទ្ធិមនុស្ស និង អ្នកនយោបាយ ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងត្រឹមត្រូវជាងនេះ។ អ្នកផ្ញើសំបុត្រដែលមិនបង្ហាញឈ្មោះនោះបានសរសេរទៅកាន់ ខេមរៈនីយកម្ម:
ពួកយើងបានអានប្លក់មួយលើគេហទំព័ររបស់លោក (khmerization.blogspot.com) ពាក់ព័ន្ធនឹង “ស្ថានទូតម៉ាលេស៊ីបានជួយសង្រ្គោះអ្នកបម្រើម្នាក់តាមការដាស់តឿនដោយអត្ថបទរបស់ខេមរៈនីយកម្ម” ដែលចុះផ្សាយថ្ងៃទី២៣ មិនា ឆ្នាំ២០១១។ ពួកយើងចង់ទាញចំណាប់អារម្មណ៍របស់លោកមកលើការស្លាប់របស់អ្នកបម្រើតាមផ្ទះជនជាតិកម្ពុជាថ្មីៗនេះដែលពួកយើងមានការសង្ស័យពីមូលហេតុនៃការស្លាប់ដ៏ពិតប្រាកដថាជាទារុណកម្មផ្លូវកាយ និងផ្លូវចិត្តដែលប្រព្រឹត្តិជាបន្តបន្ទាប់ដោយចៅហ្វាយនាយរបស់នាង។
យោងតាមអ្នកជិតខាងក្នុងប្រទេសម៉ាលេស៊ី ពួកគេបានឃើញជនរងគ្រោះត្រូវបានរំលោភបំពានជាបន្តបន្ទាប់ និងជាច្រើនលើកច្រើនសាសុំការជួយសង្គ្រោះពីអ្នកបម្រើតាមផ្ទះដទៃទៀតនៅតំបន់នោះ។ មួយថ្ងៃមុនការស្លាប់នាងបានបន្សល់ទុកនូវសារដែលនិយាយថាប្រសិនបើនាងត្រូវស្លាប់ដោយគ្មានមូលហេតុគ្រប់គ្រាន់ សូមជួយផ្តល់ដំណឹងនេះដល់ពូរបស់នាងនៅប្រទេសកម្ពុជាផង។

សមាជិក សភា លោក ស្រី មូ សុខហួរ បាន អំពាវនាវ ឲ្យ មាន ការ ស៊ើប អង្កេត លើ ករណី ការ ស្លាប់ របស់ ពលករ វ័យ ក្មេង
គួរបញ្ចាក់ផងដែរថាខេមរៈនីយកម្មបានធ្លាប់ទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូលឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេត និងជួយគាំទ្រអ្នកបម្រើតាមផ្ទះម្នាក់ដែលរងការរំលោភបំពានដោយចៅហ្វាយនាយរបស់នាងនៅក្នុងប្រទេសម៉ាលេស៊ីផងដែរ។ ក្រៅពីការចុះផ្សាយនូវ
អត្ថបទ អំពីការរំលោភបំពានខេមរៈនីយកម្ម បានចែកចាយនូវអ៊ីម៉ែលជំរុញឲ្យអ្នកអានរបស់ខ្លួនដាក់លិខិតទៅកាន់មន្រ្តីស្ថានទូតនៅប្រទេសម៉ាលេស៊ី។
យោងតាម របាយការណ៍ឆ្នាំំ២០១១ដែលត្រូវបានរួមគ្នារៀបចំដោយ អង្គការខារ៉ាមអាស៊ី អង្គការខារ៉ាមកម្ពុជា និង អង្គការ Tenaganita ដែលមានចំណងជើងថា “ការត្រួតពិនិត្យការពិត ៖ សិទ្ធ និងច្បាប់សម្រាប់ពលករអន្តោប្រវេសន៍ទូទាំងអាស៊ី” ចំនួនពលករអន្តោប្រវេសន៍របស់កម្ពុជានៅក្នុងប្រទេសម៉ាលេស៊ីគឺមានប្រហែលជា ៤០,០០០នាក់ ដែលក្នុងនោះមានស្រ្តីចំនួន ៥១.៧%។ របាយការណ៍ក៏បានបង្ហាញពីបទពិសោធន៍រំលោភបំពានដែលបានមកពីពលករ៖
- លក្ខខណ្ឌការងារគឺខុសពីអ្វីដែលកិច្ចសន្យាដែលបានចុះហត្ថលេខារវាងពលករ និងភ្នាក់ងារនៅប្រទេសកម្ពុជា រួមទាំង ប្រាក់ឈ្នួលតិចជាង និងបំណុលដែលពលករមិនបានទទួលដឹងឮមុនពេលចាកចេញ។
- ការឃុំឃាំងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់ភ្នាក់ងារជ្រើសរើសពលករ
- ក្មេងស្រីដែលមិនទាន់គ្រប់អាយុត្រូវបានបញ្ជូនទៅធ្វើការដោយឯកសារមិនត្រឹមត្រូវ
- គ្មានការផ្តល់ប្រាក់ឈ្នួល
- ផ្តល់ប្រាក់ឈ្នួលមិនទៀងទាត់ (ពលករនឹងត្រូវបានផ្តល់ប្រាក់នៅពេលចប់កិច្ចសន្យាប៉ុណ្ណោះ)
- ម៉ោងការងារច្រើន
- ត្រូវបានគេហៅប្រើ ២៤ម៉ោងក្នុងមួយថ្ងៃ
- មានកាតព្វកិច្ច និងការងារលើសកម្រិត
- គ្មានថ្ងៃឈប់សម្រាក
- គ្មានភាពផ្ទាល់ខ្លួន
- រំលោភបំពានដោយពាក្យសម្តី
- រំលោភបំពានផ្លូវភេទ
- រំលោភបំពានលើរាងកាយ
- រឹបអូសទុកនូវឯកសារផ្ទាល់ខ្លួន