- Global Voices ជាភាសាខ្មែរ - https://km.globalvoices.org -

កម្ពុជា​:​​ បទពិសោធន៍​ពី​ហេតុចលាចល​ក្នុងពេល​បុណ្យ​អ៊ុំ​ទូក​ អកអំបុក និង​សំពះព្រះខែ​

Categories: អាស៊ីខាងកើត​, កម្ពុជា​, ការ​ឆ្លើយ​តប​បែប​មនុស្សធម៌​, បណ្ដាញ​សារព័ត៌មាន​ប្រជាពលរដ្ឋ​, សុខភាព​, ហានិភ័យ, អភិបាល​កិច្ច​

រយៈពេល​នេះ​ក្នុង​​ឆ្នាំ​មុនៗ​ ប្រជាជន​កម្ពុជា​នាំ​គ្នាចែករំលែក​ពី​រឿងរ៉ាវដែល​កើត​មាន​​ក្នុង​ថ្ងៃឈប់​សម្រាក​​ និង​និយាយ​ពី​ភាព​រីករាយ​ដែល​ពួក​គេ​ទទួល​បាន​​ក្នុង​ពិធី​បុណ្យ​អ៊ុំ​ទូក អកអំបុក និង​សំពះព្រះខែ​។ ប៉ុន្តែ​មិន​មែនលើក​​នេះ​ទេ។​ ប្រជាជន​កម្ពុជា​នៅ​តែ​កាន់ទុក្ខ​ឲ្យ​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​ចំនួន 347 នាក់​ក្នុង​ សោកនាដកម្ម​ [1]​ដែល​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​លើ​ស្ពាន​កោះពេជ្រ​។​

បណ្តាញ​ផ្សព្វផ្សាយពត៌មាន​សំខាន់ៗ​ និង​សូម្បីតែ​បណ្តាញ​ទំនាក់ទំនង​លើ​អ៊ិនធឺណេត​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ចែករំលែកនូវ​​ពត៌មានថ្មីៗ​ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការជួយគំាំទ្រ​ និង​ដើម្បី​បង្ហាញ​ពី​ភាព​សោកស្តាយ​​ដល់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ។ មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​, អង្គការ​សង្គមស៊ីវិល​, បណ្តាញ​យុវជន​​ និង​ប្រជាជន​គ្រប់រូប​​ បាន​ចូលរួម​ទំាងអស់​គ្នា​ និង​បាន​ចាប់ផ្តើម​គំនិត​ដើម្បី​ស្វែងរក​ជំនួយ​សម្រាប់​​​អ្នក​ដែល​កំពុង​តែ​ព្យាបាល​របួស​នៅ​​មន្ទីរពេទ្យ​ និង​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

ฺទន្ទឹម​នឹងនេះ​ក៏​មាន​​បញ្ហា​ចម្រូងចម្រាស់​មួយ​ចំនួន​ ដូចជា តើ​​រដ្ឋាភិបាល​គួរ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ភាពបរាជ័យ​របស់​ខ្លួន​ក្នុង​ការ​ការពារ​ និង​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​ប្រជាជនដែរ​ឬទេ​? ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា​សោកនាដកម្ម​នេះ​គួរ​តែ​ចាត់​ទុក​ថា​ជា​បទពិសោធន៍​មួយ​ដ៏​មាន​តម្លៃ​ ជាជាង​ផ្តោត​លើ​ការស្តី​​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក។​

ជនជាតិ​ខ្មែរ​ម្នាក់ដែល​​ប្រើប្រាស់​​ facebook  , ស្រេង​ សុភាព​ [2], មកពី​រតនគិរី, ទិស​ឥសាន​នៃ​ប្រទេស​កម្ពុជា​និយាយថា:

វាមិនមែន​ជាពេល​ដែល​​ត្រូវ​​ស្វែង​រក​អ្នកមានកំហុស​នោះ​ទេ ប៉ុន្តែ​វាគួរ​តែ​ជា​ពេល​ដែល​ត្រូវ​រក​វិធី​ព្យាបាល​របួស​ខាងក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា​។​ នេះ​គឺ​ជាបទពិសោធន៍​ដែល​យើង​គួរ​តែ​រៀនសូត្រ​​ មិនមែន​ត្រូវ​ស្តី​បន្ទោស​នោះ​ទេ…

អ្នក​ប្រើប្រាស់​​ facebook​ ម្នាក់​ទៀត​, សមសុខឬទ្ធិ​ ឆាលី​ [3], ត្រូវ​បាន​ស្គាល់​ថា​ជា​សមាជិក​អ្នកស្ម័គ្រ​ចិត្ត​​ដ៏​សកម្ម​ម្នាក់​ក្នុង​គណកម្មធិការ​រៀបចំ​នៃ​ Barcamp ភ្នំពេញ​ ​2010 [4], ជំរុញ​ឲ្យ​សាធារណៈជន​គិត​ថា​អ្នក​ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​វីរៈជន​ :

ចូរកុំ​គិត​ថាពួក​​គេ​ជា​ “ជនរងគ្រោះ​ដ៏​កំសត់​”…ប៉ុន្តែ​ចូរគិត​ថា​ពួគេជា​​ “វិរៈជន​នៃ​គ្រោះថ្នាក់​”។​ ការស្លាប់​របស់​ពួក​គេ​បាន​បន្សល់​នូវ​បទពិសោធន៍​ដ៏​មិនអាច​កាត់​ថ្លៃ​បាន​​…

គ្រោះថ្នាក់​នេះ​គឺ​ជា​ហេតុផល​ដ៏​សមរម្យ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​នូវ​ប្រព័ន្ធ​ការពារ​ហានិភ័យ​ដ៏​មាន​ប្រសិទ្ធិភាពមួយ​ក្នុង​ប្រទេស។​ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណេតម្នាក់​បានផ្តល់​​ការណែនាំ​ល្អ​ៗ​មួយ​ចំនួន​។

ណយ​ សុផារី​, បុគ្គលិក​ផ្នែក​សិទ្ធិ​មនុស្ស​, បាន​លើក​ឡើង​ពី​ការ​​ណែនាំ​របស់​គាត់​តាម​រយៈ​ ទំព័រ​facebook :

ចំពោះ​ការស្លាប់​របស់​ប្រជាជន​ដែល​គ្មាន​កំហុស​ នៅ​កោះពេជ្រ​កំឡុង​ពេល​បុណ្យ​អ៊ុំទូក អកអំបុក និង​សំពះព្រះខែ​នេះ​ រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​ការពារ​ឲ្យ​បា​ន​ខ្លាំងក្លា​​ជាង​នេះ​ ដូចជា​រៀបចំ​ឲ្យ​មាន​តូប​សម្រាប់​ជួយ​សង្រ្គោះ​បន្ទាន់​ ក្នុង​ចំងាយ​ប្រហែល​ជា 200-300ម៉ែត្រ មួយ​ ​ៗ​  និង​រៀបចំ​ឲ្យ​មាន​ផ្លូវ​សម្រាប់​ឡាន​ពេទ្យ​ ចំនួន​4 អាច​ឆ្លងកាត់​បាន​។ ការ​ស្លាប់​បែប​ណា​ក៏​ដោយ​វា ​គឺ​ជា​ការ​ខាតបង់​មួយ​របស់​ប្រទេស​ជាតិ​។ ជាមួយ​នឹង​ការសម្រប​​តាម​​ និង​ការកែលម្អ​  យើង​ប្រហែល​ជា​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​ការស្លាប់​ដោយ​មិនសមហេតុផល​បាន​ក្នុង​រយៈពេល​ 5ឆ្នាំ​ទៀត​។​ បន្តិចម្តងៗ​ យើង​អាច​ផ្លាស់​ប្តូរ​វប្បធម៌​ដែល​ចូលចិត្ត​តែ​ស្តីបន្ទោស​ កែលម្អឲ្យ​ទៅ​ជា​វប្បធម៌​នៃ​ការ​ទទួលខុស​ត្រូវ​វិញ។​

ដូចគ្នា​នេះ​ដែរ​ Norbert Klein [5], ស្ថាបនិករបស់​​កញ្ចក់​សង្គម​ [6], ក៏​បាន​ផ្តល់​នូវ​ការ​ណែនាំ​មួយ​ចំនួន និង​ការ​ដាស់តឿន​ដល់​រដ្ឋាភិបាល​អំពី​ការ​ការពារ​ហានិ​ភ័យ:

វាគួរ​ឲ្យ​សោកស្តាយ​​ ចំពោះ​រឿង​​បានកើត​ឡើង​ដោយ​មាន​អ្នក​​ស្លាប់​ចំនួន​ 339 នាក់​ (ហើយ​ប្រហែល​ជាមាន​ស្លាប់​ជាបន្ត​ទៀត), និង​ការ​ព្រួយបារម្ភ​ថា​តើ​វា​នឹងនាំ​ទៅ​រក​ការ​វិភាគ​ដ៏​ស៊ីជម្រៅ​ពី​មូលហេតុ​- ហើយ​វា​ប្រហែល​ជា​នាំទៅ​រក​ការ​ផ្លាស់​ប្តូរ​​ដ៏​សំខាន់​លើ​ការ​រៀបចំផែនការ​សុវត្ថិភាព​។ សុវត្ថិភាព​សម្រាប់​មនុស្ស​ជាច្រើន​, ប៉ុន្តែ​ក៏​សម្រាប់​អាគារ​ខ្ពស់​ៗ​ដែល​ទើប​សាងសង់​ថ្មី​ជាច្រើន​ផងដែរ​, អាគារខ្ពស់​ៗដែល​កងកម្លាំង​ពន្លត់​អគ្គិភ័យ​មិន​អាច​ឈោង​ដល់​ព្រោះ​ថា​ឧបករណ៍​ថ្មី​ៗ​​វា​ខ្ពស់​ជាង​ជណ្តើរ​ពួក​គេ​។​

ក្នុង​បទសម្ភាសន៍​ជាមួ​យនឹង​វិទ្យុអាស៊ីសេរី​, អ្នកជំនាញ​​ការផ្នែក​ទេសចរណ៍ អ៊ុក វណ្ណា​ បាន​លើក​ឡើង​ពី​កង្វះខាត​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍​​សាធារណៈ​ជា​លក្ខណៈ​អាជីព​ និង​ខ្វះខាត​នូវ​ប្រព័ន្ធ​ការពារ​ហានិភ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

[…] ការ​រៀប​គម្រោង​មេ ដើម្បី​ការពារ​ហានិភ័យ​ឲ្យ​បាន​ខ្ពស់​បំផុត គួរ​អនុលោម​​តាម​និយាម​អន្តជាតិ ដូចជា​សិក្សា​ភាព​ហានិភ័យ​លើ​ទីតាំង​ឲ្យ​បាន​សុក្រឹត រៀបចំ​កម្លាំង​ការពារ​សង្គ្រោះ​ឲ្យ​សមាមាត្រ​ទៅ​នឹង​ចំនួន​មនុស្ស​ដើរ​ កម្សាន្ត ឬ​ចំនួន​អ្នក​ទេសចរ ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​ដល់​កម្លាំង​សន្តិសុខ​លើ​ផ្នែក​នីមួយៗ និង​រៀបចំ​ក្រុម​បម្រុង​ដើម្បី​បង្ការ និង​សង្គ្រោះ​ពេល​មាន​ហានិភ័យ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​នៅ​នឹង​កន្លែង រៀប​ចំ​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​ថ្មើរ​ជើង ត្រួត​ពិនិត្យ​ចរន្ត​មនុស្ស​ជា​ប្រចាំ​តាំង​ពី​ដើម​ដល់​ចប់​កម្មវិធី។[…]

ទោះបី​ជា​រដ្ឋាភិបាល ជាមួ​យនឹង​ការ​ចូលរួម​ឧបត្ថម្ភ​ពី​បណ្តាញពត៌មាន​សំខាន់់ បាន​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ជួយ​សង្រ្គោះ​ជនរងគ្រោះ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដោយ​ទទួល​ខុស​ត្រូវ​ចំពោះ​ថ្លៃ​ព្យាបាល​, ដឹកជញ្ជូន​សាកសព​ទៅ​ស្រុកកំណើត​, និង​ចូលរួម​ក្នុងពិធី​កាន់​ទុក្ខ, វានៅ​មាន​​​របាយការណ៍​ទាក់ទង​នឹង​ការ​គម្រាម​ពី​មន្រ្តី​សាធារណៈ​ដែល​បាន​ជួយ​ជនរងគ្រោះ។​ វាក៏​មាន​ការ​ខ្វះខាត​​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹងចំនួន​មហាសាល​របស់​ជន​រងគ្រោះដែល​ចូល​មក​ក្នុង​ពេល​តែ​មួយ​។​​​ ការពិត,​ នៅ​តែ​មាន​សំនួរ​អំពី​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​,​ ការរៀបចំចាត់ចែង​ប្រាក់បរិច្ចាគ​ដែល​អាច​នាំ​មក​នូវ​​ប្រយោជន៍​ផ្ទាល់​សម្រាប់​ជនរងគ្រោះ​, និង​កំណែលម្អប្រព័ន្ធ​​ការពារ​ហានិភ័យ​។​